top of page
Search

សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

សារលិខិតជូនពរ

សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!


ក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លា នៃខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងមន្រ្តីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក សាធារណរដ្ឋស៊ីប សាធារណរដ្ឋលីទុយអានី សាធារណរដ្ឋ ទុយអានី និងសាធារណរដ្ឋឡេតូនី សូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទឹកចិត្តគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត។


ឆ្លៀតក្នុងឳកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ឧត្តុងឧត្តម ដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម។ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គភស្តុភារជាន់ខ្ពស់ដ៏ឆ្នើម ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំនិងមោះមុតបំផុតជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រឆាំងទល់នឹងការឈ្លានពានទឹកដីរហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ទាំងលើសមរភូមិកងទ័ព និងសមរភូមិការទូត សំដៅបញ្ចប់ជម្លោះ និងធានាបានមកវិញនូវសុខសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ។


ថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

ទីក្រុងសូហ្វីយ៉ា, ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥

ឯកអគ្គរាជទូត

ជា ច័ន្ទបរិបូរណ៍


ree

ree

ree

 
 
 

Comments


Copyright © 2025 | Developed by Royal Embassy of Cambodia in Sofia. All Rights Reserved.

bottom of page